គ្រោះ​ថ្នាក់ ៥ ចំណុចដែលឪពុក​ម្ដាយគួរ​យល់​ដឹងមុនពេលសម្រេចចិត្តហុចទូរសព្ទឲ្យកូនតូចលេង​

ការ​រក​លុយ​មក​ផ្គត់​ផ្គង់​គ្រួសារ​គឺ​ជា​រឿង​សំខាន់​ ដូច្នេះ​ហើយ​ដោយសារ​រវល់​រក​ទទួល​ទាន​ពេក​ ម្ដាយ​ឪពុក​ដែល​មាន​កូន​តូច​ខ្លះ​ តែង​យក​ទូរស័ព្ទ​ដៃ​ កុំព្យូទ័រ​ ឬ​អាយផេត​ ជា​ដើម​មក​បន្លប់​កូន​ដើម្បី​ខ្លួន​មានពេល​ចេញ​ធ្វើ​ការ​រក​ស៊ី។​ ប៉ុន្តែ​ពួក​គាត់​មិន​បាន​ដឹង​ខ្លួន​ថា​ពូក​គាត់​បាន​បំផ្លាញ​កូន​ទៅ​វិញ។​

                     (លោក ហឿ សេធុល អ្នក​ចិត្ត​សាស្ត្រ ជំនាញ​ខាង​ពិគ្រោះ​យោបល់​ផ្លូវចិត្ត​)

 តាមរយៈ​កិច្ចសម្ភាស​ជាមួយ Sabay លោក ហឿ សេធុល អ្នក​ចិត្ត​សាស្ត្រ ជំនាញ​ខាង​ពិគ្រោះ​យោបល់​ផ្លូវចិត្ត​ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ពី​ប្រទេស​ហ្វីលីពីន​ បាន​មាន​ប្រសាសន៍​ថា កុមារអាយុក្រោម ២ឆ្នាំ​ មិនគួរ​បណ្ដោយ​ឲ្យ​លេង​ទូរស័ព្ទ​ ឬ គ្រឿង​អេឡិចត្រូនិក​ហួស​ហេតុ​ និង​គ្មាន​កំណត់​ជា​ប្រចាំ​ថ្ងៃ​នោះទេ។ ទាំង​នេះជា​គ្រោះ​ថ្នាក់​ ៦​ ចំណុច​មក​ពី​ការ​លេង​គ្រឿង​អេឡិចត្រូនិច​ដែល​ឪពុក​ម្តាយ​គួរ​យល់​ដឹង​ បើ​មិន​ចង់​ឲ្យ​ខូច​កូន៖​

 ១. ចាប់​ផ្ដើម​ផ្ដាច់​ខ្លួន​ពីសង្គម

កុមារ​ដែល​តែងតែ​ជក់​នឹង​ការ​លេង​ទូរស័ព្ទ​ តែង​សង្កេត​ឃើញ​ថា​ ពួក​គេ​ចូលចិត្ត​លាក់ខ្លួន​នៅ​ម្នាក់ឯង និង​មិនសូវ​ហ៊ាន​និយាយ​ស្ដី។ ពួក​គេ​ចូល​ចំណោម​គេ​មិន​ចុះ​ ហើយ​មិន​ចូល​រួម​សកម្មភាព​នានា​នៅ​សាលា នៅផ្ទះ ឬ​មិន​សូវ​ចូលចិត្ត​លេង​ជាមួយ​ក្រុម​កុមារ​ដទៃ។


២. ទំនាក់​ទំនង​មាន​បញ្ហា

ដោយសារ​មិនសូវ​ហ៊ាន​ចូលរួម​សកម្មភាព​ជាមួយ​គេ​នេះ​ហើយ​ ទើប​កុមារ​អាច​ក្លាយទៅជា​មនុស្ស​អសកម្ម​ គ្មាន​ទំនុក​ចិត្ត​ខ្លួន​ឯង ដែល​នាំ​ឲ្យ​ពួក​គេ​បាក់ស្បាត​ ងាយ​ចាញ់​ព្រៀប​គេ​ លែង​សូវ​ក្លាហាន ដែល​ខ្មែរ​យើង​ច្រើន​ហៅថា រុយ​ទុំ​មិន​បក់​ ជា​ដើម។

 ៣. ងាយ​រងគ្រោះ​ពី​ជំងឺ​បាក់ទឹកចិត្ត

កុមារ​ងាយ​ធ្លាក់​ចូល​ក្នុង​ក្រុម នៃជំងឺកាចសហាវលាក់មុខ១នេះ​ណាស់​ បើ​អ្នក​ទម្លាប់​ឲ្យ​កូន​លេង​ទូរស័ព្ទ។​ កុមារ​មាន​ភាព​បត់បែន​ខ្សោយ ដោយ​មិន​អាច​បែងចែក រឿង​ហេតុ​នានា​បាន​ល្អ​ទេ។ ជួនកាល​គេ​និយាយ​ ញោះ​លេង​សោះ តែ​កុមារ​ទៅជា​គិត​តូច​ចិត្ត តូច​ថ្លើម ស្រមើស្រមៃ​ខុស​រឿង​ ងាយ​យំ ឆេវឆាវ ខឹង​គេ ដាច់​ក្បាល​ដាច់​កន្ទុយ​ ជាដើម។


៤. មិន​និយាយ​ភាសា​ឬ​ធ្វើ​ការ​ទំនាក់ទំនង​ 

មានន័យថា កុមារ​ចាប់​ផ្ដើម​ប្រើប្រាស់​តែ​ភាសា​ដែល​មាន​នៅ​ក្នុង​រឿង​តុក្កតា​ល្បី​ដែល​ពួកគេ​បាន​មើល​ដដែលៗ។ កុមារ​អាច​មិន​ចូលចិត្ត​និយាយ​លេងសើច​ ដោយ​ប្រើ​ភាសា​ធម្មតា​ជាមួយ​ក្រុម​គ្រួសារ ឬ​មនុស្ស​នៅ​ជុំវិញ​ទេ។
 ​ពេលខ្លះ​អាណាព្យាបាល​ ប្រហែល​ជា​ឆ្ងល់​ថា ហេតុអ្វី​កូន​ខ្លួន​ពិបាក​គ្រប់គ្រង? រឹងឌឺ​ដង​ម្ល៉េះ? ប៉ុន្តែ​កុមារ​ប្រៀប​ដូច​ក្រដាស​ស​ឃើញ​អ្វី​ៗ នឹង​ថត​ទុក​ភ្លាម ដោយ​កែវភ្នែក​ ​របស់​គេ​ និង​បង្ហាញ​ចេញ​មកវិញ​ដោយ​កាយវិការ​ទាំងដុល​ គ្មាន​ការ​បែងចែក។ ឧទាហរណ៍៖ បើ​គេ​មើល​ចំ​រឿង​វីដេអូ​មិនល្អ ហិង្សា វៃ​ ទាត់ ធាក់ ប្រាកដ​ណាស់ គេ​នឹង​យក​មក​ប្រើ​ភ្លាមៗ ដោយ​មិន​ដឹង​ថា​វា​ទង្វើ​ល្អ ឬ​មិនល្អ​នោះ​ទេ។

៥. កា​រីក​លូតលាស់​ខួរក្បាល​មាន​បញ្ហា

កុមារ​តូច​អាយុ​ក្រោម​ពី២ឆ្នាំទៅ ជា​វ័យ​ត្រូវ​ការ​អាហារ​បំប៉ន​ច្រើន​មុខ​ ដើម្បី​ទៅ​ចិញ្ចឹម​រាងកាយ​ និង​ខួរក្បាល។ ប៉ុន្តែ​ការ​ជក់​លេង​ទូរស័ព្ទ​ច្រើន​ពេក​ធ្វើ​ឲ្យ​ការ​ញ៉ាំ​អាហារ​មិន​គ្រប់​ជីវជាតិ​ នោះ​គឺ​អាច​នាំ​អំពល់​ដល់​បញ្ហា​សុខភាព​កុមារ​ខ្លាំង​បំផុត៕

ប្រភព៖ Sabay News

Comments